យើងមិនអាចបញ្ឈប់ការវិវត្តរបស់រាងកាយបាននោះទេ ដោយវាប្រែប្រួលរហូតពី ១ថ្ងៃទៅ ១ថ្ងៃ ពី ១ខែទៅ ១ខែ និងពី ១ឆ្នាំទៅ ១ឆ្នាំ។ តែយើងអាចអនុវត្តទម្លាប់រស់នៅមួយចំនួន ដើម្បីជួយកុំឲ្យស្បែករបស់យើង ចាស់លឿន ដល់ថ្នាក់មើលទៅ ចាស់ជាងអាយុខ្លាំងពេក។
១. កាត់បន្ថយការញ៉ាំស្ករ
ការញ៉ាំអាហារ ដែលមានជាតិស្ករផ្អែមខ្លាំង បានជំរុញឲ្យរាងកាយរបស់យើង ឆាប់ចាស់ និងបណ្ដាលឲ្យឡើងស្នាមអុចខ្មៅ ខ្សោះជាតិទឹក និងមានស្នាមជ្រួញ។ អ្នកជំនាញ ណែនាំថា ដើម្បីកុំឲ្យឆាប់ចាស់ យើងគួរកាត់បន្ថយការញ៉ាំជាតិស្ករ និងចៀសវាងការញ៉ាំអាហារ និងភេសជ្ជៈផ្អែមខ្លាំង។
២. រក្សាកម្រិត កាល់ស្យូម ឲ្យបានគ្រប់គ្រាន់
យើងប្រហែលជាដឹងហើយ កាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ។ លើសពីនេះ វាក៏មានមុខងារសំខាន់ជួយការពារយើង មិនឲ្យឆាប់ចាស់ទាំងអាយុនៅក្មេងផងដែរ។
1
៣. កុំគេងផ្កាប់មុខ
បើយើងទម្លាប់គេងផ្កាប់មុខ យើងចាំបាច់ត្រូវកែទម្លាប់នេះភ្លាម បើមិនចង់ឆាប់ចាស់លឿនទេ។ ការសិក្សា និងអ្នកជំនាញជាច្រើន បានលើកឡើងថា ការគេងផ្កាប់មុខទៅលើខ្នើយ បណ្ដាលឲ្យស្បែកជ្រួញ ដោយពិបាកត្រឡប់មកដូចធម្មតាវិញណាស់។
៤. កុំងូតទឹកយូរពេក
ដើម្បីកុំឲ្យស្បែកឆាប់ចាស់ រឿងដែលត្រូវចៀសវាង ១ទៀត គឺកុំងូតទឹកយូរពេក ជាពិសេស ទឹកក្តៅ។ ការងូតទឹកយូរពេក បណ្ដាលឲ្យខូចស្បែក និងស្ងួតស្បែក។ មិនតែប៉ុណ្ណោះ វាបណ្ដាលលេចចេញសញ្ញាស្បែកចាស់ ដូចជា ជ្រួញ និងយារ។
៥. ការពារកុំឲ្យប៉ះកម្ដៅថ្ងៃច្រើនពេក
កម្ដៅថ្ងៃ មានតួនាទីសំខាន់ ជួយពន្លឿនការឆាប់ចាស់ជាងអាយុ ហើយបើយើងត្រូវកម្ដៅថ្ងៃកាន់តែខ្លាំង យើងនឹងឆាប់ចាស់កាន់តែខ្លាំងផងដែរ។ ដូច្នេះ បើមិនចង់ឲ្យស្បែកឆាប់ចាស់ទេ យើងត្រូវការពារខ្លួន កុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក។
2
៦. ផឹកតែបៃតង
តែបៃតង គឺល្អបំផុតសម្រាប់រាងកាយ ទាំងខាងក្នុង និងខាងក្រៅ ដោយវាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយជួសជុលកោសិកាខូច និងមើលទៅក្មេងជាងមុន។ វាក៏ជួយបំបាត់ការឡើងកន្ទួលក្រហម និងរមាស់នៅលើស្បែកផងដែរ ដោយសារវាមានសមាសធាតុប្រឆាំងការរលាក។ យើងក៏អាចប្រើកញ្ចប់តែតូចៗ ដែលប្រើប្រាស់រួចហើយ ដាក់លើរង្វង់ភ្នែកផងដែរ ដើម្បីជួយការពារការឡើងរង្វង់ខ្មៅត្រង់ភ្នែក។
៧. ញ៉ាំផ្លែប្ល៊ូប៊ើរី ឬផ្សេងទៀតដែលមាន Glutathione
នៅស្រុកខ្មែរយើង ផ្លែប្ល៊ូប៊ើរី ត្រូវបាននាំចូលពីបរទេស ដោយវាមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ វាថែមទាំងជួយប្រឆាំងការវិវត្តល្បឿនរបស់ស្បែកថែមទៀត។ នេះដោយសារផ្លែប្ល៊ូប៊ើរី សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
៨. កុំគិត ឬស្ត្រេសច្រើន
ស្ត្រេសច្រើន ជាកត្ដាចម្បងមួយ ជំរុញឲ្យរាងកាយយើងឆាប់ចាស់។ មិនតែប៉ុណ្ណោះ ការគិតច្រើន និងថប់បារម្ភ ក៏បណ្ដាលឲ្យយើងឆាប់ចាស់មុនអាយុផងដែរ។ ដូច្នេះ កុំឲ្យបញ្ហាទាំងនេះ កើតឡើងលើរូបយើងច្រើនពេក។ ការញាំជីវជាតិ Inositol (អ៊ីណូស៊ីតូល) ជាមធ្យោបាយមួយ ជួយឲ្យសម្រួលសរសៃប្រសាទរបស់យើង និងធ្វើឲ្យរាងកាយរបស់យើង បញ្ចេញអ័រម៉ូនរីករាយ ហើយវាជាវិធីល្អ ជួយយើងមិនឲ្យឆាប់ចាស់។
អត្ថបទគួរអាន៖